នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមបើកកិច្ចប្រជុំស្ដីពីការពិនិត្យការងារត្រៀមលក្ខណៈរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកនៅតាមក្លឹបកីឡា គ្រូបង្ហាត់អប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងការរៀបចំដំណើរការវគ្គដំឡើងគុណវុឌ្ឍជំនាន់ទី២ ឆ្នាំ២០២៧។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា ដោយមានការចូលរួមពីគ្រូអប់រំកាយ និងកីឡាចំនួន៣៩នាក់ មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារត្រៀមរៀបចំផែនការបណ្តុះបណ្តាល និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈក្នុងវិស័យអប់រំកាយ និងកីឡា។

កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈចំនួន២ រួមមាន៖
១. ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកនៅតាមក្លឹបកីឡា និងគ្រូបង្ហាត់អប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សាឯកជន ដើម្បីពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែង។

២. ការរៀបចំដំណើរការវគ្គដំឡើងគុណវុឌ្ឍជំនាន់ទី២ ឆ្នាំ២០២៧ ដើម្បីបន្តអភិវឌ្ឍ និងលើកកម្ពស់កម្រិតសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកបម្រើការក្នុងវិស័យអប់រំកាយ និងកីឡា។
កិច្ចប្រជុំនេះជាផ្នែកមួយនៃការត្រៀមរៀបចំ និងពង្រឹងគុណភាពការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអប់រំកាយ និងកីឡា សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាកម្ពុជាឱ្យកាន់តែមានគុណភាព និងចីរភាព។
