ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលនៃព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមើលឃើញពីការប្រកួតរបស់ជម្រើសជាតិ និងសមាគម រាជធានី ខេត្ត មានភាពប្រហាក់ប្រហែលគ្នា ជាពិសេសវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកបដោយភាពស្វិតស្វាញ ពោលជោគជ័យទាំងគុណភាព និងបរិមាណ ហើយក៏ទទួលបានការឧបត្ថម្ភពីវិស័យឯកជន គឺក្រុមហ៊ុន វឌ្ឍនៈ។

ឯកឧត្ដមសហព័ន្ធបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមតាមបណ្ដាខេត្តដែលប្រកបដោយគុណភាពគួរកត់សម្គាល់។ ជាក់ស្ដែង ក្រុមកីឡាប្រដាល់សកលខេត្តកោះកុងមានទីតាំងនៅឆ្ងាយពីរាជធានីភ្នំពេញ តែអាចក្រសោបបានមេដាយមាស។ លទ្ធផលនេះបង្ហាញថា មិនត្រឹមតែកីឡាករលំដាប់ជម្រើសជាតិ និងជួរមុខប៉ុណ្ណោះទេដែលអាចដណ្ដើមបានមេដាយ គឺសូម្បីតែកីឡាករមកពីខេត្តក៏មានលទ្ធភាពឈ្នះដូចគ្នា។
បើប្រៀបធៀបទៅការប្រកួតកីឡាជាតិមុនៗ គឺកីឡាករជម្រើសជាតិភាគច្រើន មានសមត្ថភាពឈ្នះមេដាយ តែលើកបេក្ខជនក៏មកពីតាមបណ្ដាខេត្តក៏អាចប្រជែងបានមេដាយមាសដោយជោគជ័យដែរ។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍កីឡាជាតិក៏ជាការកំណត់សំខាន់មួយដែរសម្រាប់ការប្រមូលផ្ដុំរៀបចំជម្រើសជាតិឆ្នាំ២០២៧។ ដូច្នេះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងពិនិត្យមើលម្ចាស់ជយលាភីមេដាយមាស និងអ្នកដណ្ដើមបានមេដាយដើម្បីសម្រិតសម្រាំងចូលជម្រើសជាតិនៅឆ្នាំក្រោយ ជាពិសេសត្រៀមស៊ីហ្គេមឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្ដម ប៊ុយ សុភ័ណ្ឌ។

ឆ្លងកាត់ការប្រកួតកន្លងមក ក្រុមកីឡាប្រដាល់សកលក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាសច្រើនជាងគេ គឺមេដាយមាស៤គ្រឿង និងសំរឹទ្ធ៣គ្រឿង។ ចំណែកក្រុមក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស៣គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ១គ្រឿង។ ខេត្តកោះកុង ឈរនៅលេខ៣ដោយឈ្នះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង៕






