បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយនៅរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួននៅតាមបណ្ដាខេត្តវិញម្ដង ដោយនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា នេះ បានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ស្អាង ក្នុងខេត្តកណ្ដាល និងមានការចូលរួមពីសិស្សានុសិស្សប្រមាណ២០០នាក់។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាវាគ្មិនប្រចាំកម្មវិធីបានឱ្យដឹងថា សិស្សានុសិស្សគ្រប់រូបទទួលបានការផ្សព្វផ្សាយពីការអប់រំគុណតម្លៃអូឡាំពិក និងប្រវត្តិនៃកីឡាអូឡាំពិកតាំងពីជិត៣០០០ឆ្នាំមុន ក៏ដូចជាការចូលរួមលេងកីឡាក្រោមយុទ្ធនាការ “យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រចាំជីវិត” ដើម្បីឆ្ពោះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ក្រៅពីបានជ្រួតជ្រាបនូវគុណប្រយោជន៍នៃ និងទស្សនវិជ្ជាអូឡាំពិក សិស្សានុសិស្សបានចូលរួមសកម្មភាពកីឡាដើម្បីទទួលបានភាពសប្បាយរីករាយ និង ការលើកទឹកចិត្តចូលក្នុងការចូលរួមលេងកីឡា។ បន្ទាប់ពីការផ្សព្វផ្សាយនៅខេត្តកណ្ដាល កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនឹងបន្តឆ្ពោះទៅកាន់ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ក៏ដូចជាបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការឈ្លានពាន បានចូលរួមលេងសកម្មភាពកីឡា ដើម្បីសុខភាព និងសាមគ្គីភាព។ ទន្ទឹមនឹងនេះ កម្មវិធីផ្សព្វផ្សាយគុណតម្លៃអូឡាំពិកក៏មានគម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធទៅតាមលទ្ធភាពក្រោមជំនួយរបស់អង្គការសាមគ្គីអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីគាំទ្រដល់ប្រជាជននៅភូមិរង់ចាំ ឱ្យមានរចនាសម្ព័ន្ធសមស្របចូលរួមលេងកីឡា ក្នុងន័យទទួលបានស្មារតីភ្លឺថ្លា និងសុខភាពល្អ។

លោក ហេង ហ៊ នាយករងវិទ្យាល័យ ហ៊ុន សែន ស្អាង ថ្លែងថា ការផ្សព្វផ្សាយដ៏សំខាន់នេះនឹងឱ្យសិស្សានុសិស្សរបស់លោកបានដឹងពីប្រវត្តិនៃកីឡាអូឡាំពិក និងបានយល់ដឹងពីអត្ថប្រយោជន៍នៃកីឡា ហើយចូលរួមលេងកីឡាកាន់តែច្រើន។ លោកសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនេះនឹងរួមចំណែកបណ្ដុះបានធនធានកីឡាសម្រាប់វិទ្យាល័យរបស់លោក ចូលរួមកម្មវិធីប្រកួតប្រជែងនានា៕


