ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ដណ្តើមពានរង្វាន់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទី១ បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរការប្រកួតពេញមួយថ្ងៃ ប្រកបដោយភាពស្វាហាប់ ភាពជក់ចិត្ត និងបរិយាកាសរីករាយ ព្រមទាំងបានរកឃើញម្ចាស់ជ័យលាភីតាមប្រភេទវិញ្ញាសានីមួយៗ។

ព្រឹត្តិការណ៍កីឡានេះ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមុខងារសាធារណៈ សហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ព្រមទាំងបំផុសស្មារតីស្រឡាញ់ការហាត់ប្រាណ ការថែរក្សាសុខភាព និងការបង្កើតទម្លាប់រស់នៅប្រកបដោយសុខុមាលភាព។ ជាពិសេស ការប្រកួតនេះក៏ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងវិស័យមុខងារសាធារណៈ តាមរយៈសកម្មភាពកីឡា។

ជាលទ្ធផលនៃការប្រកួត ជ័យលាភីលេខ១ ក្នុងវិញ្ញាសាវាយគូបុរស បានទៅលើកីឡាករ ប្រាក់ កុសុមស៊ុនដេត និងកីឡាករ ម៉េង ម៉ង់ទិត ខណៈជ័យលាភីលេខ១ ក្នុងវិញ្ញាសាឯកត្តជនបុរស បានទៅលើកីឡាករ ងន់ ម័រ ដែលបានបង្ហាញនូវសមត្ថភាព បច្ចេកទេស និងការប្រកួតប្រជែងយ៉ាងល្អប្រសើរ។

ដោយឡែក ពិធីបិទការប្រកួត និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី បានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

គួរបញ្ជាក់ថា ការរៀបចំការប្រកួតពានរង្វាន់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទី១ នេះ មិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញពីសមត្ថភាព បច្ចេកទេស និងទេពកោសល្យរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការបានចូលរួមក្នុងសកម្មភាពកីឡា ជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងល្អរវាងគ្នានិងគ្នា។

ជោគជ័យនៃព្រឹត្តិការណ៍នេះ ក៏ជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមចំណែករបស់គ្រប់ភាគីក្នុងការជំរុញចលនាកីឡា ពង្រឹងសុខភាពសាធារណៈ និងលើកកម្ពស់វប្បធម៌នៃការរួបរួម សាមគ្គីភាព និងមិត្តភាពក្នុងសង្គម តាមរយៈកីឡា។
