នៅរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោក Wojciech Zaluski សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាជាតិអូឡាំពិកប៉ូឡូញបានជួបសម្ដែងការគួរសម និងសូមការណែនាំពីឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ដីពីគម្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកកានូ នៅកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្ដមបណ្ឌិត ថោង ខុន បានបង្ហាញការឯកភាព និងគាំទ្រលើគម្រោងដ៏ពិសេសខាងលើ ព្រោះមិនត្រឹមតែជាទីតាំងហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិប៉ុណ្ណោះទេ តែនេះក៏ជាឱកាសជំរុញទេសចរណ៍កីឡា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅស្រុក ទៅកម្សាន្ដនៅកោះរ៉ុងកាន់តែច្រើន។

ចំណែក ឯកឧត្ដម សរ សិទ្ធិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក៏បង្ហាញការគាំទ្រដូចគ្នា។ ជាមួយគ្នានេះឯកឧត្ដមអនុប្រធានបានណែនាំប្រតិភូប្រទេសប៉ូឡូញចូលជួបសម្ដែងការគួរសម និងសូមយោបល់បន្ថែមពីឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

ជុំវិញមូលហេតុនៃគម្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់នេះ ដោយសារតែ លោក Wojciech Zaluski គឺជាអតីតកីឡាករទូកកានូ ហើយលោកក៏កំពុងមានអាជីវកម្មនៅកោះរ៉ុងស្រាប់ ដូច្នេះលោក និងដៃគូវិនិយោគិនចង់ផ្សារភ្ជាប់ផែនការ និងមុខជំនួញនេះទន្ទឹមគ្នាតែម្ដង៕
