សិស្សានុសិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស នៃខេត្តកែប ប្រមាណ១៥០នាក់បានចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិកដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

យុវតី កូយ ឡៃហ៊ាង និង យុវតី ធី សុលីកា សិស្សវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស បានបង្ហាញអារម្មណ៍រីករាយដែលអាចទទួលបានចំណេះដឹងថ្មីៗពីកម្មវិធីគុណតម្លៃអូឡាំពិក ជាពិសេសប្រវត្តិកកើតនៃព្រឹត្តិការណ៍កីឡាអូឡាំពិកដែលអ្នកទាំង២ពុំធ្លាប់បានដឹងពីមុនមក ក៏ដូចជាចំណេះដឹងប្លែកៗផ្សេងៗទៀតពីកីឡា។

ជាមួយគ្នានេះ លោក ឡឹក ហាប់ នាយកវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស បាន ថ្លែងអំណរគុណចំពោះក្រុមការងារផ្សព្វផ្សាយកម្មវិធីអប់រំគុណតម្លៃអូឡាំពិករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានជ្រើសរើសយកវិទ្យាល័យរបស់លោកជាគោលដៅផ្សព្វផ្សាយនូវសារៈសំខាន់នៃចលនាអូឡាំពិក។ ក្រៅពីបញ្ជ្រាបខ្លឹមសារអប់រំឧត្តមគតិកីឡាអូឡាំពិក ទស្សនៈវិទ្យាកីឡាអូឡាំពិក ជីវប្រវត្តិចលនាអូឡាំពិក ក៏ក្រុមការងារបានផ្សព្វផ្សាយពីយុទ្ធនាការរបស់កម្ពុជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ផងដែរ។ លោកនាយករំពឹងថា តាមរយៈកម្មវិធីអប់រំគុណតម្លៃអូឡាំពិក សិស្សានុស្សនឹងយកចំណេះដឹង បទពិសោធទាំងនេះទៅចែករំលែកបន្តដល់យុវជនផ្សេងៗទៀតផងដែរ នាយកវិទ្យាល័យបានបន្ថែម។

គួរដឹងដែរថា ខេត្តកែប គឺជាខេត្តគោលដៅទី២បន្ទាប់ពីខេត្តកណ្ដាលក្នុងយុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦។ បន្ទាប់ខេត្តកែប ក្រុមការងារដឹកនាំដោយឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាវាគ្មិនប្រចាំកម្មវិធី នឹងឆ្ពោះទៅកាន់ទឹកដីខេត្តកំពតជាបន្តទៀត៕

