ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាស្ពានដ៏សំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ បដិសណ្ឋារកិច្ច និងវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកជាផ្លូវការនូវការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ នៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីប្រតិភូកីឡា គ្រូបង្វឹក កីឡាករ-កីឡាការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមជាម្ចាស់ផ្ទះ ចំពោះវត្តមានរបស់ប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មកពីបណ្តាប្រទេសជាមិត្តក្នុងទ្វីបអាស៊ីទាំងអស់។ លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកម្រិតទ្វីបនេះ មិនត្រឹមតែរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា និងពង្រឹងទំនាក់ទំនងរវាងសហព័ន្ធកីឡានៅតាមបណ្តាប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមាសសម្រាប់បង្ហាញពីអត្តសញ្ញាណ និងភាពស្រស់បំព្រងរបស់កម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីបានបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សង្ឃឹមផងដែរថា ប្រតិភូកីឡាករ កីឡា និងភ្ញៀវអន្តរជាតិ ពិតជាបាន ឬនឹងឆ្លៀតឱកាសក្នុងការស្វែងយល់ពីវប្បធម៌ខ្មែរ និងបដិសណ្ឋារកិច្ច តាមរយៈការទស្សនាកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា និងជួបប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជនដោយផ្ទាល់»។ ឯកឧត្តមបានបន្ថែមថា ការជួបប្រាស្រ័យទាក់ទងជាមួយប្រជាជនកម្ពុជា និងការទទួលបានបទពិសោធន៍ដោយផ្ទាល់ នឹងជួយឱ្យភ្ញៀវអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ និងរួមចំណែកពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក សហព័ន្ធកីឡាវ៉ូវីណាមអាស៊ី សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងគណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕
